ដោយ ពេជ អង្គ មេធាវីប្រធាននៃការិយាល័យមេធាវី អង្គ
ការផ្តល់សក្ខីកម្មក្លែងក្លាយ ជាទោសដែលត្រូវបានកំណត់និងផ្តន្ទាដោយមាត្រា៥៤៥នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះចែងថាអំពីបទល្មើសសក្ខីកម្មក្លែងក្លាយដូចខាងក្រោម៖
“សក្ខីកម្មភូតកុហក ដែលធ្វើក្រោយពីបានស្បថនៅមុខតុលាការ ឬនៅមុខមន្ត្រីនគរបាលដែលធ្វើសកម្មភាពនៅក្នុងក្របខណ្ឌនៃដីកាចាត់ឱ្យស៊ើបសួរចម្លើយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំនិងពិន័យជាប្រាក់ ពី៤ ០០០ ០០០ (បួនលាន)រៀល ទៅ១០ ០០០ ០០០(ដប់លាន)រៀល។
សាក្សីភូតកុហក ត្រូវបានលើកលែងឱ្យរួចផុតពីទោស ប្រសិនបើសាក្សីនេះ ប្រែក្រឡាស់ដោយឯកឯងនូវសក្ខីកម្មរបស់ខ្លួន ហើយនិយាយការពិតមុនមានសេចក្តីសម្រេចបញ្ចប់នីតិវិធីស៊ើបសួរ ឬនីតិវិធីជំនុំជម្រះ។”
តាមរយៈអំណាននៃខ្លឹមសារនៃមាត្រា៥៤៥នេះ បទសក្ខីកម្មក្លែងក្លាយ មានធាតុផ្សំ(ចាំបាច់) ដូចតទៅ៖
១.បុគ្គលនោះជា"សាក្សី"
២.បាននិយាយភូតកុហក បន្ទាប់ពីបានស្បថថា “និយាយការពិត"។
៣.ការស្បថនិងការភូតភរ គឺនៅក្នុង"ក្របខណ្ឌនីតិវិធីក្នុងយុត្តាធិការរបស់ចៅក្រម" អាចជាការស្បថក្នុងរឿងរដ្ឋប្បវេណី រឿងព្រហ្មទណ្ឌ ក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ឬការស៊ើបសួរជំនួសដោយនគរបាល ឬក្នុងដំណាក់កាលចៅក្រមជំនុំជម្រះ។ មិនរាប់បញ្ចូលថាជាបទល្មើស ចំពោះការភូតភរ ក្នុងពេលដែលចៅក្រមបំពេញការងារជាមន្ត្រីសាធារណៈទេ។
៤. ការភូតភរនេះបានហួសពេលអាចត្រឡប់វិញ គឺមិនមានការត្រឡប់មកនិយាយការពិតវិញដោយឯកឯងមុនមានសេចក្តីសម្រេចបញ្ចប់ ដោយយុត្តាធិការស៊ើបសួរ ឬយុត្តាធិការជំនុំជម្រះ (គោលការណ៍មិនអាចត្រឡប់មកវិញបាន/Principe de l’irrévocabilité)។
៥.ជាសក្ខីកម្មខុសពីការពិតលើផ្នែកសំខាន់នៃសកម្មភាពដែលបានលើកឡើង/ចោទប្រកាន់ ដែលអាចមានឥទ្ធិពលលើសេចសម្រេចរបស់ចៅក្រម ឬវាជាកាគាំទ្រចាំបាច់ដល់ផ្នែកសេចក្តីសម្រេចរបស់ចៅក្រម ឬចៅក្រមបានទទួលយកធាតុផ្សំខ្លះនៃការប្រកាសក្លែងក្លាយនេះ។ ការនិយាយមិនពិតលើស្ថានភាពបន្ទាប់បន្សំ និងគ្មានអនុភាពលើការសម្រេចរបស់ចៅក្រម មិនត្រូវចាត់ទុកជាបទល្មើសឡើយ។ ក្នុងរឿងរដ្ឋប្បវេណី កើតមានបទល្មើសសក្ខីកម្មក្លែងក្លាយ កាលណាការប្រកាសក្លែងក្លាយនាំឱ្យមានឥទ្ធិពលលើការសម្រេចរបស់ចៅក្រម និងបាននាំឱ្យភាគីរដ្ឋប្បវេណីមានព្យសនកម្ម ទោះជាព្យសនកម្មជាយថាហេតុក៏ដោយ។
៦.ធាតុចេតនា៖ ការភូតភរត្រូវធ្វើដោយទុច្ចរិត /មានចេតនាទុច្ចរិត/ដោយមានចេតនា/គំនិតនាំឱ្យភាន់ច្រឡំ។ ការភូតភរជាការនិយាយខុសពីការពិត តែមិនមែនជាការនិយាយវិភាគ វាយតំលៃជាលក្ខណៈបុគ្គលទេ។ ចៅក្រមប្រកាសថាមានចេតនាទុច្ចរិត ដោយមិនចាំបាច់ពិនិត្យមើលដោយផ្តល់សំអាងច្បាស់លាស់នោះទេ។